ក្រុងហ្វ៊ីឡាឌែលហ្វ្យៀ — ដោយមានការវាយប្រហារជាបន្តបន្ទាប់ក្នុងពេលថ្មីៗ និងទង្វើស្អប់ខ្ពើមផ្សេងទៀតចំពោះសមាជិកសហគមន៍ជនជាតិអាមេរិកកាំងដើមកំណើតអាស៊ី និងអ្នកមានដើមកំណើតនៅបណ្តាកោះក្នុងសមុទ្រប៉ាស៊ីភិក (AAPI) នៅទូទាំងសហរដ្ឋអាមេរិក គណៈកម្មាធិការក្រុងហ្វ៊ីឡាឌែលហ្វ្យៀ ផ្នែកទំនាក់ទំនងពលរដ្ឋ គណៈកម្មាធិការអភិបាលក្រុងកិច្ចការជនជាតិអាមេរិកាំងដើមកំណើតអាស៊ីប៉ាស៊ីភិច គណៈកម្មាធិការអភិបាលក្រុងកិច្ចការជនអន្តោប្រវេសន៍អាហ្វ្រិក និងការីបៀន គណៈកម្មាធិការអភិបាលក្រុងកិច្ចការបុរសអាមេរិកដើមកំណើតអាហ្វ្រិក គណៈកម្មាធិការអភិបាលក្រុងកិច្ចការ LGBT គណៈកម្មាធិការអភិបាលក្រុងកិច្ចការជនមានពិការភាពជាប់ខ្លួន គណៈកម្មាធិការកិច្ចការជំនឿសាសនាមូលដ្ឋាន និងអន្តរៈជំនឿ គណៈកម្មាធិការកិច្ចការនារីហ្វ៊ីឡាឌែលហ្វ្យៀ គណៈកម្មាធិការយុវជនហ្វ៊ីឡាឌែលហ្វ្យៀ និងក្រុមប្រឹក្សាគណៈកម្មការសហសវត្សរ៍ បានចេញសេចក្តីប្រកាស ដូចខាងក្រោម ៖
“នៅក្នុងឆ្នាំដែលមានអំពើស្អប់ខ្ពើមជនបរទេស និងអំពើប្រកាន់ជាតិសាសន៍បានកើតឡើងដែលមិនអាចអត់អោនឲ្យបាន ដែលបង្កឡើងដោយភាពភ័យខ្លាច ដោយយកលេសពីបញ្ហាមេរោគកូរ៉ូណា និងការធ្វើឲ្យសកម្មភាពនេះកាន់តែធ្ងន់ធ្ងរឡើង ដោយរដ្ឋបាលប្រធានាធិបតីមុន បណ្តាលឲ្យសហគមន៍ជនជាតិអាមេរិកាំងដើមកំណើតអាស៊ី និងសហគមន៍អ្នករស់នៅដែនកោះប៉ាស៊ីភិច ទូទាំងប្រទេស បានជួបប្រទះការកើនឡើងនូវទង្វើស្អប់ខ្ពើម និងអំពើហិង្សានានា ។ ទង្វើស្អប់ខ្ពើមជាតិសាសន៍ ដែលមានគោលដៅវាយប្រហារជនជាតិអាមេរិកដើមកំណើតអាស៊ី និងអ្នកនៅដែនកោះប៉ាស៊ីភិច មិនមែនជារឿងថ្មីឡើយ ។ យើងបានឃើញការអនុម័តច្បាប់បដិសេធជនជាតិចិន (Chinese Exclusion Act) ដែលបានតាក់តែងក្នុងឆ្នាំ 1882 ការកាត់ទោសដោយគ្មានការវិនិច្ឆ័យទោសតាមច្បាប់ លើក្រុមបុរស និងក្មេងប្រុសជនជាតិចិនចំនួន 18 នាក់ នៅខាងក្រៅពន្ធនាគារក្រុងឡសអ៊ែនជឺលែស ក្នុងឆ្នាំ 1871 ការឃុំឃាំងជនបរិសុទ្ធនៃជនជាតិអាមេរិកាំងដើមកំណើតជប៉ុន ចំនួន 120,000 នាក់ ក្នុងអំឡុងសង្គ្រាមលោកលើកទី II និងអំពើវាយប្រហារមានគោលដៅមកលើជនជាតិអាស៊ីខាងត្បូង និងជនជាតិអាមេរិកដើមកំណើតអ៊ីស្លាម ដោយខុសច្បាប់ ក្រោយព្រឹត្តិការណ៍ 9/11 ។ ព្រឹត្តិការណ៍ទាំងអស់នេះ បានក្រើនរំឭកដល់យើងខ្ញុំ អំពីបញ្ហាប្រកាន់ជាតិសាសន៍ ដែលពលរដ្ឋជាច្រើនកំពុងតែជួបប្រទះក្នុងពេលបច្ចុប្បន្ននេះ គឺជាការឆ្លុះបញ្ចាំងអំពីគំនិតរើសអើងចាស់គំរិល និងការយកបាយលាបមាត់ពពែ ដែលបន្តកើតឡើងគ្រប់យុគសម័យទាំងអស់ ។
“នៅថ្ងៃទី 26 ខែមករា ឆ្នាំ 2021 លោកប្រធានាធីបតី បៃឌិន បានចេញអនុសារណៈ ទទួលស្គាល់តួនាទីរដ្ឋាភិបាលសហព័ន្ធ ដែលកាន់តែបង្កឲ្យមានគំនិតប្រឆាំងថែមទៀត ចំពោះសហគមន៍ AAPI ។ នៅក្នុងអនុសារណៈនេះ លោកប្រធានាធិបតី ក៏បានថ្កោលទោសចំពោះទង្វើប្រកាន់ជាតិសាសន៍ ការស្អប់ខ្ពើមជនបរទេស និងទ្រង់ទ្រាយនៃអំពើស្អប់ខ្ពើមផ្សេងទៀត ដែលផ្តោតលើសហគមន៍ AAPI ។ លោកប្រធានាធិបតី បានស្នើសុំឲ្យរដ្ឋាភិបាលសហព័ន្ធ ត្រូវចាប់ដៃគូយ៉ាងសកម្មជាមួយនឹងទីភ្នាក់ងាររដ្ឋ និងទីភ្នាក់ងារមូលដ្ឋាន ក្នុងការបង្ការអំពីរើសអើង ការសម្លុត ការរុកគួនរំខាន និងឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើម ចំពោះសមាជិកសហគមន៍ AAPI និងដើម្បីពង្រីកសកម្មភាពប្រមូលទិន្នន័យ និងការរាយការណ៍សាធារណៈ ស្តីអំពីហេតុការណ៍ពាក់ព័ន្ធនឹងភាពស្អប់ខ្ពើមចំពោះសមាជិកសហគមន៍នេះ ។ យើងពេញចិត្តចំពោះការផ្លាស់ប្តូររបៀបនិយាយស្តី នៅកម្រិតរដ្ឋាភិបាលសហព័ន្ធ តែទោះជាយ៉ាងណាក៏ដោយ គឺនៅមានកិច្ចការជាច្រើនទៀតដែលយើងត្រូវធ្វើបន្ថែម ។
“ជាអកុសល ទោះបីជានៅទីនេះ ក្រុងហ្វ៊ីឡាឌែលហ្វ្យៀ គឺនៅតែមានការវាយប្រហារអំពីបញ្ហានេះ ដោយពាក្យសំដី និងរាងកាយ ក៏ដូចជាតាមរូបភាពផ្សេងៗទៀតនៃការប្រកាន់ជាតិសាសន៍ សំដៅចំពោះជនជាតិអាមេរិកាំងដើមកំណើតអាស៊ី ដដែល ។ ក្នុងឆ្នាំ 2020 គណៈកម្មាធិការហ្វីឡាឌែលហ្វ្យៀផ្នែកទំនាក់ទំនងពលរដ្ឋ (PCHR) បានទទួលរបាយការណ៍ចំនួន 28 ស្តីអំពីទង្វើស្អប់ខ្ពើមចំពោះសមាជិកសហគមន៍ AAPI ដោយក្នុងនោះ របាយការណ៍ចំនួន 19 ត្រូវបានបញ្ជាក់ថាជាហេតុការណ៍នៃការស្អប់ខ្ពើម ឬភាពលំអៀង ដែលស្មើនឹង 34 ភាគរយ នៃរបាយការណ៍សរុបចំនួន 56 ស្តីអំពីហេតុការណ៍នៃការស្អប់ខ្ពើម ឬភាពលំអៀង ដែលទីភ្នាក់ងារនេះបានបញ្ជាក់ ។ ទើបតែសប្តាហ៍មុន យើងបានដឹងអំពីរបាយការណ៍ទាំងនោះ ស្តីអំពីការវាយប្រហារ ដែលដាក់ឈ្មោះម្ហូបថា ‘COVID Mac’ ដែលហាក់ដូចជាបានសរសេរចូលក្នុងតារាងមុខម្ហូប ប្រចាំហាងមួយ ។ ទោះបីជាក្រោយមកឈ្មោះមុខម្ហូបនោះត្រូវបានលុបចោលវិញក៏ដោយ ក៏វាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ភាពឈឺចាប់ត្រូវបានកើតឡើងមកលើសហគមន៍ជនជាតិអាស៊ីក្នុងក្រុងហ្វ៊ីឡាឌែលហ្វ្យៀ ពីហេតុការណ៍នេះ និងហេតុការណ៍ផ្សេងទៀត រួចហើយដែរ ។ អំពើប្រកាន់ជាតិសាសន៍គ្រប់ទ្រង់ទ្រាយ ដែលកើតឡើងដោយជាក់ស្តែង ឬដែលកើតឡើងទាំងស្រុង គឺមិនអាច នឹងមិនត្រូវអត់អោនឲ្យបានឡើយនៅក្នុងក្រុងហ្វ៊ីឡាឌែលហ្វ្យៀ ។ ទង្វើបែបនេះ វាបង្កឲ្យមានគ្រោះថ្នាក់ចំពោះសហគមន៍ AAPI របស់យើង ហើយវារួមចំណែកក្នុងទ្រង់ទ្រាយធំនាំដែលបង្កឲ្យមានការស្អប់ខ្ពើមជនបរទេស និងបរិយាកាសដែលមិនចេះអត់អោនឲ្យគ្នា ដែលជាទង្វើផ្ទុយពីសមត្ថភាពនៃសង្គមពហុវប្បធម៌ ដើម្បីកសាងភាពចុះសម្រុងគ្នា ការគោរពគ្នាទៅវិញទៅមក និងគោលបំណងចុងក្រោយគឺសន្តិភាព និងវឌ្ឍនភាព ។
“យើងខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីក្រើនរំឭកដល់សមាជិកសហគមន៍ AAPI ទាំងអស់ក្នុងក្រុងហ្វ៊ីឡាឌែលហ្វ្យៀ អំពីធនធានដែលមានសម្រាប់ពួកគេ ។ បើអ្នកគឺជាជនរងគ្រោះពីអំពើឧក្រិដ្ឋណាមួយ អ្នកត្រូវហៅទូរស័ព្ទទៅលេខ 9-1-1 ដើម្បីរាយការណ៍ និងដើម្បីទទួលបានជំនួយបន្ថែម ឧទាហរណ៍ ជំនួយវេជ្ជសាស្រ្ត និងសេវាកម្មចំពោះជនរងគ្រោះ ។ មានផ្តល់ជូនសេវាកម្មបកប្រែភាសា នៅពេលអ្នកហៅទូរស័ព្ទមកលេខ 911 ឬប្រើសេវាកម្មណាមួយរបស់សាលាក្រុង ហើយពលរដ្ឋទាំងអស់មានសិទ្ធិទទួលបានសេវាកម្មទាំងនេះ ជាភាសារបស់ពួកគេ ។ មន្ត្រីរដ្ឋក៏អាចរាយការណ៍អំពីអំពើស្អប់ខ្ពើម ឬអំពើលំអៀងបានដែរ ដោយការទាក់ទងជាមួយនឹងគណៈកម្មាធិការហ្វ៊ីឡាឌែឡហ្វ្យៀផ្នែកទំនាក់ទំនងពលរដ្ឋ (PCHR) តាមលេខ 215-686-4670 ឬតាមអ៊ីម៉េល pchr@phila.gov ។ របាយការណ៍នេះ អាចធ្វើឡើងដោយអនាមិកតាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍របស់ PCHR ដែលមានលេខ 215-686-2856 ដោយប្រើភាសាផ្សេងៗ ។PCHR នឹងតាមដានហេតុការណ៍នានា ហើយអាចឆ្លើយតបចំពោះទង្វើលំអៀង តាមរបៀបផ្សេងៗ បូករួមទាំងដោះស្រាយភាពតានតឹងសហគមន៍ តាមរយៈសម្របសម្រួលការពិភាក្សា ការសម្រុះសម្រួល ឬដោយប្រើបច្ចេកទេសផ្សេងៗ ដើម្បីចាប់ផ្តើមដំណើរការផ្សះផ្សារ ជាមួយនឹងភាគីដែលរងផលប៉ះពាល់ទាំងអស់ និងការសម្របសម្រួលការឆ្លើយតបប្រកបដោយអត្ថន័យ ជាមួយនឹងសហគមន៍ផ្សេងៗ និងដៃគូរបស់សាលាក្រុង ។ នៅពេលដែលសកម្មភាពរើសអើងបានកើតឡើងនៅតាមកន្លែងធ្វើការ ទីជម្រក ឬទីកន្លែងផ្តល់ជម្រកសាធារណៈ យើងខ្ញុំអាចពង្រឹងច្បាប់ប្រឆាំងការរើសអើងរបស់ក្រុង ។
“ក្នុងនេះផងដែរ យើងខ្ញុំក៏សូមលើកទឹកចិត្តឲ្យពលរដ្ឋ នាំគ្នារាយការណ៍អំពីអ្វីដែលខ្លួនបានជួបប្រទះផ្នែកទង្វើស្អប់ខ្ពើម និងភាពមិនអត់អោនឲ្យគ្នា មកកាន់សំណុំទិន្នន័យរបាយការណ៍ជាតិអំពី ការបញ្ឈប់ភាពស្អប់ខ្ពើមចំពោះ AAPI (Stop AAPI Hate) ដែលមានការទទួលរបាយការណ៍អំពីហេតុការណ៍បែបនេះ ជាភាសាផ្សេងៗរបស់ AAPI ។ កំណត់ត្រារបាយការណ៍រឿងរ៉ាវរបស់ AAPI ទូទាំងប្រទេស អាចជួយសមាជិកសហគមន៍ រួមគ្នាផ្សះដំបៅពីភាពភ័យខ្លាច ក៏ដូចជាបញ្ហាទាំងអស់ដែលតែងមិនបានទទួលការយកចិត្តទុកដាក់ និងបង្កគ្រោះថ្នាក់បន្ថែមពីអាជ្ញាធរ ដែលមានតួនាទីធានាយុត្តិធម៌សង្គម ។
“អំពើស្អប់ខ្ពើម និងប្រកាន់ជាតិសាសន៍ ក្នុងគ្រប់ទ្រង់ទ្រាយ គឺមិនអាចទទួលយកបានទេនៅក្នុងក្រុងហ្វ៊ីឡាឌែលហ្វ្យៀ ។ គណៈកម្មាធិការហ្វ៊ីឡាឌែលហ្វ្យៀ កិច្ចការទំនាក់ទំនងពលរដ្ឋ គណៈកម្មាធិការអភិបាលក្រុងកិច្ចការជនជាតិអាមេរិកាំងដើមកំណើតអាស៊ីប៉ាស៊ីភិច និងគណៈកម្មាធិការក្រុមប្រឹក្សាផ្សេងៗទៀតរបស់អភិបាលក្រុង កំពុងទន្ទឹងរង់ចាំ ទទួលការងារក្នុងពេលអនាគត ដើម្បីបញ្ចប់ទង្វើទាំងឡាយណាបណ្តាលឲ្យមានភាពស្អប់ខ្ពើម និងការរើសអើងចំពោះបុគ្គល ដោយសារពូជសាសន៍ ជាតិពន្ធុ ប្រទេសកំណើត ឬទិដ្ឋភាពផ្សេងៗ ចំពោះអត្តសញ្ញាណរបស់ពួកគេ ខណៈពេលដែលសាលាក្រុង កំពុងបន្តការងារ ឈានទៅរកអនាគតប្រកបដោយសមធម៌ សម្រាប់ពលរដ្ឋទាំងអស់ យើងត្រូវធានាឲ្យបានថា សហគមន៍ដែលរងផលប៉ះពាល់ទាំងអស់ត្រូវបានរាប់បញ្ចូល ហើយក្តីកង្វល់ផ្ទាល់របស់ពួកគេ ត្រូវបាននិយាយចេញ និងដោះស្រាយជូនទាំងអស់” ។